
ចក្រវាឡរបស់ខ្សែស្រលាយរឿង Spider-man កំពុងតែពង្រីកខ្លួន ខណៈដំណឹងច្បាស់ការបានបញ្ជាក់ថា អតីតតួសម្ដែងជា Spidey កាលពីមុនបានត្រឡប់មកចាប់ដៃជាមួយ Spidey ថ្មី ដែលធ្វើឱ្យសាច់រឿងកាន់តែគួរឱ្យចាប់អារម្មណ៍ជាងមុនជាក់ជាមិនខាន ជាពិសេសជាដំណឹងដ៏រីករាយរបស់អ្នកគាំទ្រ Spider-man ដែលដើរតួសម្ដែងដោយ Andrew Garfield។
ចក្រវាឡ Spider-Verse ដែលយើងធ្លាប់ដឹងតាមរយៈ Comic និង Animation (Spider-man Into the Spider-verse) កាលពីឆ្នាំ 2018 ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នោះពេលនេះក្រុមហ៊ុនយក្ស Disney & Sony កំពុងអភិវឌ្ឍសាច់រឿង Live Action ហើយខណៈគេបានចរចារណ៍ដល់តួអង្គសម្ដែងកាលពីមុនត្រឡប់មកវិញ ហើយចាប់ដៃគូជាមួយ Peter Parker ថ្មីដែលសម្ដែងដោយ Tom Holland។

ក្នុងកិច្ចចរចារដែលបានបញ្ជាក់នោះគឺ Peter Parker ដែលសម្ដែងដោយ Andrew Garfield និងគូស្នេហ៍ Mary Janes (MJ) ដែលសម្ដែងដោយ Emma Stone ក៏វិលត្រឡប់មកវិញដែរ ខណៈយើងក៏អាចនឹងឃើញសត្រូវទាំង 6 របស់ Spidey (The Sinister Six) យើងពីក្នុង Comic លេចចេញនៅវគ្គថ្មីនេះផងដែរ។ ស្របជាមួយព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍នេះមិនទាន់មានការបញ្ជាក់មួយណាថា តើ Miles Morales នឹងអាចមានវត្តមានដែរឬយ៉ាងណា ស្របពេលដែលដំនឹងមួយទៀតពីការចរចារជាមួយ អតីតតួអង្គ Spidey ដ៏មានប្រជាប្រិយភាព Tobey Maguire មិនទាន់បញ្ជាក់ច្បាស់100% នៅឡើយដែរ។

Spider-man វគ្គ 3 ដែលមាន Peter Parker សម្ដែងដោយ Tom Holland និងមាន Michelle “MJ” Jones ដែលសម្ដែងដោយតារាស្រី Zendaya នោះ ក៏នឹងមានវត្តមានតួអង្គ Doctor Strange ដែលសម្ដែងដោយលោក Benedict Cumberbatch ផងដែរ។ ដំណឹងដ៏រីករាយខាងលើនេះកាន់តែធ្វើឱ្យចក្រវាឡ Spider-Man កាន់តែមានភាពធំទូលាយកាន់តែខ្លាំង ហើយមនុស្សមិនតិចទេ សង្ឃឹមថានឹងអាចឃើញវត្តមាន Iron Man ដែលសម្ដែងដោយ Robert Downey, Jr. ជា Cameo ជាមិនខាន។

ស្របជាមួយដំណឹងខាងលើនេះក្រុមហ៊ុន Sony និង Disney មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈមានដំណឹងបែកធ្លាយមួយចំនួនក៏បានបង្ហើបថា Sony គ្រោងនឹងផលិតរឿងទោលឱ្យ អតីត Spidey Tobey Macquire និង Andew Garfields ផងដែរ៕
