គន្លឹះខ្លីៗ

វិធីងាយៗទាំង១៥ ដើម្បីធ្វើឱ្យទូរស័ព្ទ Android របស់អ្នកដំណើរការលឿនជាងមុន

ពេលអ្នកទិញទូរស័ព្ទថ្មីហើយពីរបីខែក្រោយមកអ្នកបានសំគាល់ដឹងថាវាមិនលឿនដូចពីមុននោះទេ។ ហើយយើងទាំងអស់គ្នានៅទីនេះសុទ្ធតែធ្លាប់ជួបបញ្ហាអស់ទាំងនេះ ហើយបញ្ហានេះបានកើតឡើងរាប់ចាប់ពីឧបករណ៍លំដាប់ថវិកា រឺសូម្បីតែទូរស័ព្ទ Android លំដាប់កំពូលក៏ងាយនឹងថយចុះម្តងម្កាលផងដែរបន្ទាប់ពីការប្រើប្រាស់បានមួយឆ្នាំក្រោយ។

ជាសំណាងល្អ មានគន្លឺះមួយចំនួនដែលអ្នកអាចព្យាយាមធ្វើឱ្យទូរស័ព្ទរបស់អ្នកដំណើរការលឿនវិញបាន។ យើងក៏បានបញ្ចូលនូវចំណុចមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីអោយថ្មទូរស័ព្ទរបស់អ្នកអាចប្រើប្រាស់បានយូរជាងមុន។ ដូច្នេះសូមក្រឡេកមើលវិធីដែលអ្នកអាចបង្កើនល្បឿនទូរស័ព្ទ Android របស់អ្នកនៅទីនេះ។

1. ប្រើកម្មវិធី Files by Google ដើម្បីលុបទិន្នន័យដែលមិនបានការនិងបង្កើនទំហំផ្ទុក

កម្មវិធី Files by Google គឺជាកម្មវិធីគ្រប់គ្រងឯកសារដ៏មានតំម្លៃពិតមែន។ វាមិនត្រឹមតែវិភាគលើទូរស័ព្ទរបស់អ្នកសម្រាប់ឯកសារនិងកម្មវិធីដែលមិនបានប្រើប៉ុណ្ណោះទេ ប៉ុន្តែវាក៏អនុញ្ញាតឱ្យអ្នកអាចផ្ទេរឯកសារបានយ៉ាងងាយស្រួល។ កម្មវិធីនេះមិនសូវផ្តោតសំខាន់លើការរចនាផ្ទៃកម្មវិធីប៉ុន្មានទេ​ ដោយវាមានផ្ទាំងចុចតែពីរប៉ុណ្ណោះគឺ Storage នឹង Files ។ នៅផ្ទាំង Storage អ្នកនឹងឃើញចំនួននៅសល់នៃទំហំផ្ទុករបស់ទូរស័ព្ទអ្នក ក៏ដូចជាការណែនាំអំពីវិធីបង្កើនទំហំផ្ទុកអោយទំនេរ។ ជាមួយគ្នានេះអ្នកក៏អាចសម្អាតទិន្នន័យដែលមិនបានការផ្សេងៗរបស់កម្មវិធីយ៉ាងងាយស្រួលតាមរយៈកម្មវិធី Files នេះ។

វាបានបន្ថែមភាពងាយស្រួលនៅពេលអ្នកព្យាយាមស្វែងរកឯកសារដែលមិនចាំបាច់នៅលើទូរស័ព្ទរបស់អ្នក។ វាមានប្រយោជន៍ខ្លាំងណាស់ប្រសិនបើអ្នកកំពុងប្រើទូរស័ព្ទដែលមានទំហំផ្ទុកតូចឬអ្នកដែលចង់បង្កើនទំហំផ្ទុក។ វាក៏ល្អផងដែរប្រសិនបើអ្នកកំពុងស្វែងរកកម្មវិធីចែករំលែកឯកសារជាមួយទូរស័ព្ទផ្សេងទៀត វាមានលក្ខណៈដូចគ្នាជាមួយកម្មវិធី ShareIt របស់ក្រុមហ៊ុន Lenovo ដែរតែតាមពិតវាមិនមានអ្វីពាក់ព័ន្ធគ្នានោះទេ។ ហើយអ្វីដែលល្អបំផុត គឺយើងអាចទាញយកវាពី Play Store ដោយឥតគិតថ្លៃ។

2. បិទ (ឬលុបចោល) កម្មវិធីដែលមិនប្រើរឺមិនសូវប្រើ

ទូរស័ព្ទភាគច្រើនក្រៅពី Pixels និងឧបករណ៍ Android One តែងតែភ្ជាប់មកជាមួយនូវកម្មវិធីរញ៉េរញៃជាច្រើន។ ជាការប្រសើរណាស់ដែលអ្នកអាចបិទឬក្នុងករណីខ្លះអាចលុបកម្មវិធីភាគច្រើនដែលបានតំឡើងជាមុននៅលើទូរស័ព្ទរបស់អ្នកប្រសិនបើអ្នកមិនប្រើវា។

គ្រាន់តែចូលទៅ Settings > Apps ដើម្បីមើលកម្មវិធីទាំងអស់ដែលបានតំឡើងនៅលើទូរស័ព្ទរបស់អ្នក។ នៅពេលអ្នករកឃើញកម្មវិធីដែលអ្នកមិនស្គាល់ សូមធ្វើការលុបឬបិទវា អ្នកក៏អាចប្រើកម្មវិធី Files by Google ដើម្បីកំណត់កម្មវិធីដែលអ្នកមិនប្រើនៅលើទូរស័ព្ទរបស់អ្នកហើយលុបវាចោលតាមតម្រូវការរបស់ទូរស័ព្ទ។

3. ពិនិត្យមើលថាតើអ្នកបានធ្វើបច្ចុប្បន្នភាពចុងក្រោយឬទេ

វាជាការអនុវត្តដ៏ល្អដើម្បីធ្វើឱ្យប្រាកដថាទូរស័ព្ទរបស់អ្នកទាន់សម័យនានិច្ចព្រោះក្រុមហ៊ុនផលិតភាគច្រើនចាប់ផ្តើមធ្វើបច្ចុប្បន្នភាពជាទៀងទាត់ដែលរួមមានកំណែកំហុសនិងការកែលម្អស្ថេរភាពអោយកាន់តែប្រសើរ។ Google ក៏បានបញ្ចេញបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែផងដែរ វាមានសារៈសំខាន់ព្រោះពួកគេបានផ្តល់ជូនការជួសជុលសម្រាប់ភាពងាយរងគ្រោះផ្នែកសុវត្ថិភាព។

ខណៈពេលដែលអ្នកប្រហែលជាមិនឃើញមានភាពខុសគ្នាខ្លាំងនៅក្នុងបទពិសោធន៍ជាអ្នកប្រើប្រាស់ទាំងមូលនៅពេលតំឡើងឯកសារសុវត្ថិភាពនោះទេ។ ការធ្វើបច្ចុប្បន្នភាពបានធ្វើអោយប្រសើរឡើងនូវប្រតិបត្តិការទូរស័ព្ទរបស់អ្នក។ ជាឧទាហរណ៍ ការអាប់ដេត One UI 3.0 របស់ Samsung ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 11 ឥឡូវនេះចាប់ផ្តើមបញ្ចេញលើស្មាតហ្វូនស៊េរី Galaxy S20 ហើយ។ ហើយវារួមបញ្ចូលទាំងលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍និងការផ្លាស់ប្តូរផ្ទៃប្រើប្រាស់ផងដែរ។

ទោះយ៉ាងណាក៏ដោយមានក្រុមហ៊ុនតិចតួចណាស់ដែលធ្វើបច្ចុប្បន្នភាពប្រចាំខែជាប់លាប់ ហើយជាទូទៅទូរស័ព្ទរបស់អ្នកទំនងជាទទួលបានការការពារសុវត្ថិភាពរៀងរាល់បីខែម្តង។ ភាគច្រើននៃរឿងនេះអន់ថយដោយសារវិធីនៃការរៀបចំធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន ស្ថានភាពធ្វើឱ្យទាន់សម័យគឺជាបញ្ហាដែលត្រូវការជួសជុល។ តែក្រុមហ៊ុនទាំងនោះបែរជានិយាយថាសូម្បីតែនៅពេលមានការធ្វើបច្ចុប្បន្នភាពក៏ដោយក៏មានអ្នកប្រើមួយចំនួនដែលមិនដំឡើងវាដែរ។

ដើម្បីពិនិត្យមើលថាតើមានបច្ចុប្បន្នភាពសម្រាប់ទូរស័ព្ទរបស់អ្នកទេ អ្នកគ្រាន់តែចូលទៅកាន់ Settings -> About phone ->System update ដើម្បីត្រួតពិនិត្យ។ ប្រសិនបើមានការធ្វើបច្ចុប្បន្នភាពសូមតំឡើងវាភ្លាម។

4. តំឡើងកម្មវិធីមានទំងន់ស្រាល

ប្រសិនបើអ្នកកំពុងប្រើទូរស័ព្ទដែលមានអង្គចងចាំនិងទំហំផ្ទុកមានកំណត់ ហើយបានប្រើកម្មវិធីដើម្បីធ្វើឱ្យដំណើរការទូរស័ព្ទប្រសើរឡើង តែមិនទទួលបានផលល្អនោះ។ Facebook នេះគឺជាឧទាហរណ៍ដ៏ល្អសម្រាប់រឿងនេះ វាជាកម្មវិធីដែលធ្វើអោយយើងមានអារម្មណ៍ថាល្បឿនដំណើរការមានការធ្លាក់ចុះ សូម្បីតែនៅលើទូរស័ព្ទថ្មីក៏ដោយ។ រីឯនៅលើទូរស័ព្ទលំដាប់ថវិការបទពិសោធបែបនេះធ្វើអោយយើងមានការធុញទ្រាន់ណាស់។

Facebook ក៏មានជំនាន់កម្មវិធីស្រាលរបស់វាដែលដំណើរការដូចគ្នានឹងកម្មវិធីពេញលេញផងដេរ។  Facebook Lite ត្រូវបានរចនាឡើងដើម្បីដំណើរការលើឧបករណ៍កំម្រឹតថវិការដែលកំពុងហក់ចូលកាន់តេខ្លាំងនៅលើទីផ្សារ ប៉ុន្តែអ្នកអាចរកកម្មវិធីនេះបានជាលក្ខណៈសកល។

Facebook Lite បានធ្វើឱ្យប្រសើរឡើងដើម្បីអាចធ្វើការលើបណ្តាញតភ្ជាប់ 2G បានល្អ និងនៅលើឧបករណ៍ដែលមាន RAM ទាបរហូតដល់ 1GB ។ វាប្រើប្រាស់ទំហំផ្ទុកតូចបំផុត ទំហំក្រោម 5MB ហើយផ្តល់នូវលក្ខណៈពិសេសស្រដៀងទៅនឹងកម្មវិធីធម្មតាដែរ។ អ្នកនៅតែអាចអូសមើលព័ត៌មានរបស់អ្នក បង្ហោះអ្វីដែលអ្នកចង់ ផ្តល់មតិយោបល់លើការបង្ហោះរបស់មិត្តអ្នក ស្វែងរកព្រឹត្តិការណ៍ក្នុងតំបន់និងច្រើនទៀត។

ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ Facebook ធម្មតា ហើយធុញទ្រាន់នឹងកម្មវិធីនេះ ដែលនាំអោយទូរស័ព្ទរបស់អ្នកយឺតទៅៗ អ្នកគួរតែសាកប្តូរទៅប្រើ Facebook Lite វិញម្តង។ Facebook ក៏មានកម្មវិធីផ្ញើសារដែលមានទម្ងន់ស្រាលផងដែរ វាមានឈ្មោះថា Messenger Lite ។ Twitter ក៏បានធ្វើរឿងនេះផងដែលសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន​គឺ Twitter Lite ហើយ Uber ក៏មានកំណែ Lite នៃសេវាកម្មរបស់ខ្លួនផងដែរ។ ប្រសិនបើអ្នកប្រើ Skype ដើម្បីទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក​ ចឹងអ្នកក៏អាចប្រើ Skype Lite ផងដែរ។ Google ក៏មាន YouTube ជំនាន់ស្រាល់របស់ខ្លួនផងដែរ។ ប្រសិនបើអ្នកកំពុងប្រើទូរស័ព្ទកម្រិតថវិកា អ្នកគួរតែពិចារណាតំឡើងកម្មវិធីដែលត្រូវគ្នានឹង Android Go ។

5. សាកល្បង launcher ផ្សេងទៀត

ក្រុមហ៊ុនដែលបង្កើតប្រព័ន្ធប្រតិបត្តិការ Android បានឆ្លើយតបតាមរយៈការអនុញ្ញាតិអោយអ្នកអាចប្តូរផ្លាស់ផ្ទៃប្រើប្រាស់តាមចំណង់ចំណូលចិត្តរបស់អ្នកក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្ត app drawer នៅក្នុងស្បែក One UI ទេនោះ អ្នកនៅតែអាចប្រើ launcher ផ្សេងទៀតបាន។ បន្ទាប់មកយើងមកនិយាយពីស្បែកប្រើប្រាស់របស់ទូរស័ព្ទចិនមួយចំនួនដូចជា Xiaomi Vivo Realme និងទូរស័ព្ទផ្សេងទៀតបានប្លាស់ប្តូរសាភ័ណភាពស្បែកប្រើប្រាស់របស់ពួកគេអោយមើលទៅទំនើបទាន់សម័យជាងមុន ថែមទាំងមានការកែប្រែជាច្រើនទៀតផង។

ហើយនេះក៏ត្រូវអរគុណដល់ third-party launcher ដូចជា Nova Launcher នឹង  Action Launcher ដែលអនុញ្ញាតិឱ្យអ្នកអាចប្ដូរផ្ទៃប្រើប្រាស់ស្ទើគ្រប់ផ្នែកតាមចំណង់ចំណូលចិត្តរបស់អ្នក ថែមទាំងផ្តល់ឱ្យអ្នកនូវផ្ទៃប្រើប្រាស់ជារបស់ខ្លួនអ្នកផ្ទាល់។ Nova Launcher ក៏មានការកំណត់ដើម្បីផ្លាស់ប្តូរល្បឿនចលនានៅលើទូរស័ព្ទរបស់អ្នកផងដែរ ហើយអ្នកអាចសាកល្បងផ្លាស់ប្តូរវា ប្រសិនបើអ្នកមានអារម្មណ៍ថាទូរស័ព្ទរបស់អ្នកចាប់ផ្តើមថយចុះល្បឿន។ ប្រសិនបើផ្ទៃប្រើប្រាស់ដើមទូរស័ព្ទរបស់អ្នកគួរអោយធុញទ្រាំ អ្នកគួរតែពិចារណាលើផ្ទៃប្រើប្រាស់ទីបី រឺ (third-party launcher) ទាំងនេះបាន។

6. បិទបើកទូរស័ព្ទរបស់អ្នកឱ្យបានទៀងទាត់

ប្រសិនបើអ្នកកំពុងប្រើទូរស័ព្ទដែលមានទំហំផ្ទុកនិងអង្គចងចាំមានកំណត់ហើយតែងតែមានបញ្ហាទាក់ទងនឹងដំណើរការ ជំរើសល្អដែលត្រូវពិចារណាគឺត្រូវបិទបើកឧបករណ៍របស់អ្នកម្តងក្នុងមួយសប្តាហ៍។ ការធ្វើដូច្នេះនឹងអាចជួយបោសសំអាតទិន្នន័យដែលឥតបានការ ហើយជាលទ្ធផលអ្នកនឹងឃើញល្បឿនដំណើរការគួរអោយកត់សំគាល់។

7. បង្កើនល្បឿនចលនា

ដូចមុខងារផ្សេងទៀតដែរនៅលើប្រព័ន្ធប្រតិបត្តិការ Android អ្នកក៏អាចផ្លាស់ប្តូរល្បឿននៃចលនាចេញចូលរបស់កម្មវិធីផ្សេងៗបាន។ នេះតម្រូវឱ្យអ្នកចូលទៅកាន់ជម្រើសលាក់បាំងរបស់អ្នកអភិវឌ្ឍន៍ ប៉ុន្តែវាងាយស្រួលក្នុងការបើកដំណើរការមុខងារនេះនៅលើទូរស័ព្ទរបស់អ្នក។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖ ចូលទៅកាន់ Settings -> About phone -> Software information -> Build number ហើយចុច build number ចំនួនប្រាំពីរដង។ ការធ្វើដូច្នេះនឹងអនុញ្ញាតឱ្យជម្រើសអ្នកអភិវឌ្ឍន៍រឺ developer options​ ត្រូវបានបើក។

ត្រលប់ទៅទំព័រ settings ហើយអ្នកនឹងឃើញជម្រើស developer options នៅផ្នែកខាងក្រោមនៃទំព័រ ចុចលើវា ហើយអូសចុះក្រោមទំព័ររហូតដល់អ្នករកឃើញជម្រើស Window animation scale ។ ជាធម្មតាវានឹងកំណត់យក 1x ប៉ុន្តែអ្នកអាចប្តូរវាទៅ 0.5x ដើម្បីបង្កើនល្បឿនចលនា។ អ្នកនឹងឃើញភាពខុសគ្នាភ្លាមៗនៅពេលចេញចូលឬដំណើរការកម្មវិធីណាមួយ។

8. ដំឡើង ROM ផ្ទាល់ខ្លួន

បញ្ហាធំបំផុតជាមួយឧបករណ៍ Android ចាស់គឺថាពួកវាមិនទទួលបានការធ្វើបច្ចុប្បន្នភាពកម្មវិធីនោះទេ។ ក្រុមហ៊ុនផលិតភាគច្រើនផ្តល់ជូននូវបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android ពីរឆ្នាំ និងបន្ថែមមួយឆ្នាំទៀតទៅលើបច្ចុប្បន្នភាពសុវត្ថិភាព។ ដូច្នេះប្រសិនបើអ្នកកំពុងប្រើទូរស័ព្ទដែលមានអាយុលើសពីពីរឆ្នាំ ជាឱកាសល្អដែលវានឹងមិនទទួលបានការអាប់ដេតជំនាន់ថ្មីរបស់ Android ។

វាជាការល្អដើម្បីអោយយើងអាចតំឡើង ROM ផ្ទាល់ខ្លួនបានងាយស្រួល ROM ផ្ទាល់ខ្លួនធ្វើអោយទូរស័ព្ទចាស់របស់អ្នកអាចដំណើរការបានរលូនជាងមុន ហើយ LineageOS គឺល្អបំផុតក្នុងពេលឥឡូវនេះ។ ដូច្នេះប្រសិនបើទូរស័ព្ទរបស់អ្នកមិនទទួលបានការអាប់ដេត Android 11 ទេអ្នកគួរតែពិចារណាតំឡើង ROM ផ្ទាល់ខ្លួននេះបាន។

9. សម្អាតផ្ទៃខាងមុខអេក្រង់របស់អ្នក

ការប្រើប្រាស់ផ្ទាំងរូបភាពមានចលនាអាចធ្វើអោយដំណើរការយឺតនៅផ្នែកខាងក្នុង ជាពិសេសចំពោះអ្នកប្រើទូរស័ព្ទលំដាប់ថវិកាដែលមានអង្គចងចាំមានកំណត់។ ប្រសិនបើអ្នកឃើញភាពយឺតយ៉ាវច្រើននៅពេលប្តូរកម្មវិធីឬពេលចាកចេញពីកម្មវិធីដើម្បីត្រលប់ទៅអេក្រង់ដើមវិញ សូមព្យាយាមប្តូរទៅប្រើផ្ទាំងរូបភាពធម្មតាវិញ ហើយមើលថាតើវាអាចជួយបានដែរឬទេ។

ប្រសិនបើអ្នកកំពុងស្វែងរកផ្ទាំងរូបភាពមានចលនាដែលមានទំងន់ស្រាល ហើយមិនប្រើប្រាស់ធនធានច្រើននោះ អ្នកអាចសាកល្បងប្រើកម្មវិធី Google’s Wallpapers នឹង Minima នេះបានដែលវាមានរូបភាពល្អៗជាច្រើន។

10. លុប widgets

ប្រសិនបើអ្នកប្រើ widgets ច្រើន ចឹងអ្នកគួរតែព្យាយាមលុបវាចោលខ្លះ ហើយចាំមើលថាតើវាធ្វើឱ្យមានភាពខុសគ្នារឺអត់។ widgets ជាធម្មតាមិនប្រើប្រាស់ធនធានច្រើនទេ ប៉ុន្តែវាមានលទ្ធភាពធ្វើអោយ widget ចាស់ៗទៅបង្កើនការប្រើប្រាស់ដំណើរការរបស់ទូរស័ព្ទ។ ដូច្នេះប្រសិនបើទូរស័ព្ទរបស់អ្នកយឺតជាងធម្មតា អ្នកគួរតែពិចារណាលុប widgets ចាស់ៗចេញខ្លះទើបប្រសើរ។

11. បង្កើនប្រសិទ្ធភាពថាមពលថ្មរបស់ទូរស័ព្ទអ្នក

ប្រសិនបើអ្នកសង្កេតឃើញថាថ្មទូរស័ព្ទរបស់អ្នកឆាប់ហូរលឿនជាងធម្មតា ជាធម្មតាវាស្រកលឿនទៅតាមប្រភេទកម្មវិធីណាដែលប្រើ CPU ខ្លាំង។ កម្មវិធីនៅខាងក្នុងក៏អាចប្រើប្រាស់ថ្មច្រើនផងដែរ ដូច្នេះវាជាការល្អក្នុងការឃ្លាំមើលការប្រើប្រាស់ថាមពលថ្មរបស់ទូរស័ព្ទអ្នកពី settings ។

ចូលទៅកាន់ Settings > Battery ដើម្បីតាមដានកម្មវិធីដែលដំណើរការខុសប្រក្រតី ហើយចុច Force stop ដើម្បីយកវាចេញពីផ្ទៃខាងក្នុង។ ឧបករណ៍ Android ទាំងអស់ឥឡូវនេះមានមុខងារ adaptive battery ដែលអាចតាមដានសកម្មភាពបែបនេះដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើអ្នកប្រើនៅលើ Android ជំនាន់ចាស់ ចឹងអ្នកគួរតែមើលនៅផ្នែក battery section ។

ប្រសិនបើអ្នកសង្កេតឃើញថាថ្មទូរស័ព្ទរបស់អ្នកស្រកលឿននឹងមិនអាចប្រើបានពេញមួយថ្ងៃ ចឹងជម្រើសដ៏ល្អបំផុតគឺត្រូវជ្រើសរើស power bank ។ អ្នកអាចជ្រើសយក power bank ដែលអាចជឿទុកចិត្តបានទំហំ 10000mAh ដែលវាមានតម្លៃក្រោម 30 ដុល្លារ ហើយគ្រប់គ្រាន់ដើម្បីសាកឧបករណ៍របស់អ្នកពីររឺបីដង។

12. បិទមុខងារអេក្រង់ភ្លឺជានិច្ចឬ always-on display

មុខងារ always-on display បានបន្ថែមភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប្រសិនបើអ្នកចង់មើលការជូនដំណឹងបានភ្លាមៗដោយមិនចាំបាច់ដោះសោទូរស័ព្ទរបស់អ្នក ប៉ុន្តែលក្ខណៈពិសេសនេះក៏ត្រូវចំណាយទៅលើថាមពលថ្មផងដែរ។ ប្រសិនបើអ្នកឃើញការធ្លាក់ចុះនៃថាមពលថ្មរបស់ទូរស័ព្ទអ្នក ចឹងអ្នកគួរតែបិទ មុខងារ always-on display ដែលវាជាវិធីងាយស្រួលមួយដើម្បីដោះស្រាយបញ្ហានេះ។

13. បិទ Bluetooth នៅពេលមិនចាំបាច់

ការបិទវិទ្យុសញ្ញាដែលមិនប្រើនឹងអនុញ្ញាតឱ្យអ្នកពន្យារថាមពលថ្មទូរស័ព្ទរបស់អ្នក ភាពខុសគ្នាប្រហែលជាមិនមានច្រើននោះទេ ប៉ុន្តែវាបានជួយបន្តិចបន្តួចផងដែរ ព្រមទាំងអ្វីដែលអ្នកនឹងមិនប្រើគ្រប់ពេល ដូចជា Bluetooth វាសមហេតុផលក្នុងការបិទនៅពេលដែលមិនប្រើ។

ទោះយ៉ាងណាយើងសូមមិនណែនាំឱ្យបិទសេវាកម្មទីតាំងនោះទេ ដោយសារកម្មវិធីភាគច្រើនត្រូវការព័ត៌មានទីតាំងមួយចំនួនដើម្បីដំណើរការ។

14. កុំដំឡើង កម្មវិធី battery optimizer

នេះវាហាក់ដូចជាមិនសមហេតុផល ប៉ុន្តែកម្មវិធី ជួសជុលថ្ម ភាគច្រើនមិនបានដោះស្រាយបញ្ហាទេ។ កម្មវិធីទាំងអស់នោះមិនធ្វើអ្វីក្រៅពីការលុបកម្មវិធីដែលដំណើរការនៅខាងក្នុងនឹងលុបទិន្នន័យសម្ងាត់ឥតបានការនៅលើទូរស័ព្ទរបស់អ្នកនោះទេ ប៉ុន្តែជាញឹកញាប់អ្នកត្រូវដោះស្រាយជាមួយផ្ទាំងផ្សាយពាណិជ្ជកម្មដែលរំខាននិងមេរោគ។

ប្រសិនបើអ្នកឃើញកម្មវិធីដំណើរការយឺតទៅៗ នឹងប្រើពេលដើម្បីបើកកម្មវិធីអ្វីមួយយូរនោះ ជាការប្រសើរអ្នកគួរតែលុបកម្មវិធីទាំងនោះដែលកំពុងដំណើរការនៅផ្ទៃខាងក្នុង។ ហើយសម្រាប់ការបោសសំអាត ទិន្នន័យសម្ងាត់ឥតបានការអ្នកអាចទុកចិត្តលើ Files by Google​​ បាន។

15. ប្រសិនបើគ្មានអ្វីដំណើរការទេ សូមព្យាយាម Reset ទូរស័ព្ទរបស់អ្នកឡើងវិញ

ប្រសិនបើទូរស័ព្ទរបស់អ្នកនៅតែដំណើរការមិនរលូនដូចពេលមុន សូមព្យាយាមកំណត់វាឡើងវិញហើយចាប់ផ្តើមដំណើរការម្តងទៀត។ ចូលទៅកាន់ settings របស់ទូរស័ព្ទ បន្ទាប់មក System -> Reset -> Erase all data ដើម្បីកំណត់ទូរស័ព្ទរបស់អ្នកឡើងវិញទៅការកំណត់ដើមពីរោងចក្រ។ ចូលគណនី Google របស់អ្នកឡើងវិញ និងស្តារទិន្នន័យពីសេវាកម្ម cloud ហើយមើលថាតើបញ្ហាត្រូវបានដោះស្រាយឬអត់។

ប្រសិនបើវានៅតែមិនមានភាពខុសគ្នាទេ ចឹងអ្នកគួរតែដល់ពេលត្រូវទិញទូរស័ព្ទថ្មីហើយ។

Related posts
គន្លឹះខ្លីៗ

Apple បានរាយការណ៍ថាខ្លួនផ្ទុកទិន្នន័យ iCloud ជាង 8 លាន Terabytes នៅលើ Google Servers

គន្លឹះខ្លីៗ

Telegram បន្ថែមការហៅវីដេអូជាក្រុម និងផ្ទៃក្រោយមានចលនា

គន្លឹះខ្លីៗ

Apple បញ្ចេញ Beta ទី2 នៃប្រព័ន្ធប្រតិបត្តិការ iOS និង iPadOS 15 ដល់អ្នកអភិវឌ្ឍន៍កម្មវិធី

គន្លឹះខ្លីៗ

Facebook ប្រកាសថាខ្លួនកំពុងសាកល្បងមុខងារ​បង្ហោះរូបភាពតាម​ Instagram Desktop

Leave a Reply

Your email address will not be published. Required fields are marked *