
ក្រោយទទួលបានភាពជោគជ័យទៅលើទីផ្សារស្មាតហ្វូនរបស់ខ្លួនយ៉ាងខ្លាំង ដែល Oppo តែងត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនកម្រិតថវិកា ប៉ុន្តែមានមុខងារល្អ ងាយស្រួលប្រើ និងមានកាមេរ៉ាថតស្អាត ហើយថ្មីៗនេះក្រុមហ៊ុន Oppo បានប្រកាសថាខ្លួននឹងដាក់លក់ស្មាតហ្វូនម៉ូដែលថ្មីគឺ Reno5 Pro 5G នៅប្រទេសឥណ្ឌានៅថ្ងៃទី 18 ខែមករាវេលាម៉ោង 12 ៈ 30 នាទីម៉ោងក្នុងស្រុក ផងដែរ។
ស្មាតហ្វូន Reno5 Pro 5G ដែលនឹងមកដល់ប្រទេសឥណ្ឌានឹងនាំមកនូវលក្ខណៈពិសេសមួយចំនួនដូចជា អេក្រង់កោង 90Hz និងការសាកថ្មកម្រិត 65W ។ ចំណុចដែលគួរឱ្យកត់សម្គាល់ និងលេចធ្លោសម្រាប់ម៉ូដែលនេះគឺ AI Highlight Video, Ultra Night Video និង Live HDR ផងដែរ។ ស្មាតហ្វូននេះនឹងចេញលក់ចំនួនពីរពណ៌ នៅក្នុងប្រទេសឥណ្ឌាគឺពណ៌ខៀ វនិងពណ៌ខ្មៅ។
ក្រុមហ៊ុន Oppo មិនទាន់បានបញ្ជាក់លម្អិតអំពីលក្ខណៈពិសេសនៃស្មាតហ្វូន Reno5 Pro 5G ជាសកលនៅឡើយទេប៉ុន្តែប្រសិនបើវាពិតជាដូចគ្នានឹងវ៉ារ្យ៉ង់ចិនអញ្ចឹងអ្នកអាចរំពឹងថានឹងមានអេក្រង់ទំហំ 6.55 អ៊ីញប្រភេទ FullHD + AMOLED ដែលមានប្រព័ន្ធស្កែនក្រយៅដៃ ហើយមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 ស្រោបខ្លួនដោយ ColorOS 11.1 និងថាមពលថ្ម 4,350 mAh ។

សម្រាប់ការថតរូបនឹងមានកាមេរ៉ាសរុបចំនួន 5 នៅលើនោះគឺកាមេរ៉ាថតរូប Selfie ទំហំ 32 មេហ្គាភិចស៊ែលដែលបានបង្កប់នៅលើអេក្រង់និងកាមេរ៉ាក្រោយទំហំ 64 មេហ្គាភីចសែលភ្ជាប់មកជាមួយកាមេរ៉ាទំហំ 8 មេហ្គាភិចស៊ែលសម្រាប់ថតរូបបែប Ultrawide កាមេរ៉ាទំហំ 2 មេហ្គាភិចស៊ែលសម្រាប់ថតរូបបែបព្រាលផ្នែកខាងក្រោយ និង 2 មេហ្គាភិចស៊ែល សម្រាប់ថតរូបបែប Macro។
កាលបញ្ជាក់ខាងលើជាការចេញលក់ជាផ្លូវការនូវ ស្មាតហ្វូន Reno5 Pro 5G នៅប្រទេសឥណ្ឌា ខណៈនៅកម្ពុជាមិនទាន់មានការបញ្ជាក់កាលបរិចេ្ឆទចេញលក់ច្បាស់លាស់នៅឡើយទេ នេះបើតាមទំព័រ ហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Oppo៕