
Facebook កំពុងសំងំផលិតនាឡិកាវៃឆ្លាតដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារហើយថែមទាំងផ្តល់ជូននូវសុខភាពនិងមុខងារពិសេសៗសម្រាប់ហាត់ប្រាណផងដែរ នេះបើតាមព័ត៌មានដែលបានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សំដីពីអ្នកដែលបានតាមដានផ្ទាល់ចំពោះឧបករណ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook គ្រោងនឹងចាប់ផ្តើមលក់ឧបករណ៍នេះនៅឆ្នាំក្រោយ នេះបើយោងតាមរបាយការណ៍ដែលជាសកម្មភាពមួយដែលនឹងបង្ហាញពីការប្រលូករបស់ខ្លួនចូលទៅក្នុងទីផ្សារមួយដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនដូចជា Apple និង Huawei ។

នាឡិកាឆ្លាតវៃរបស់ Facebook នឹងធ្វើការតាមរយៈបណ្តាញតភ្ជាប់ cellular ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារតាមរយៈសេវាកម្មរបស់ខ្លួនហើយក៏ភ្ជាប់ទៅនឹងសេវាកម្មឬផ្នែករឹងរបស់ក្រុមហ៊ុនសុខភាពនិងកាយសម្បទាដូចជាក្រុមហ៊ុន Peloton Interactive ផងដែរ។
Facebook ដែលមានមូលដ្ឋាននៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ាបាននឹងកំពុងឈានជើងចូលក្នុងវិស័យផលិតផ្នែករឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានបង្កើតនូវផលិតផលដែលរួមមានទាំងកាស Oculus និងឧបករណ៍ជជែកវីដេអូផងដែរ។ Facebook មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់រ៉យទ័រសុំការអត្ថាធិប្បាយទេ។
ដោយហេតុថា Facebook និង Apple ធ្លាប់ស្ថិតក្នុងជំលោះមួយរយៈ ឥឡូវនេះដោយសារស្លាកឯកជនភាពថ្មីរបស់ Apple នៅលើ App Store និងការណែនាំអំពីមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសមិនចូលរួមក្នុងកម្មវិធីតាមដាននោះវាអាចជាការសង់សឹងចុងក្រោយរបស់ Facebook ក្នុងការព្យាយាមយកឈ្នះ Apple ។