
ទីភ្នាក់ងារការពារអតិថិជននៅរដ្ឋសៅប៉ូឡូប្រទេសប្រេស៊ីលបានពិន័យក្រុមហ៊ុន Apple ចំនួន 2 លានដុល្លារពីបទមិនបានដាក់បញ្ចូលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 នេះបើយោងតាមគេហទំព័រ 9to5 Mac ។ គេហទំព័រ Procon-SP របស់ប្រទេសប្រេស៊ីលបាននិយាយថា Apple បានចូលរួមការផ្សាយពាណិជ្ជកម្មខុស នឹងការលក់ឧបករណ៍ដោយមិនមានឆ្នាំងសាកព្រមទាំងមានលក្ខខណ្ឌអយុត្តិធម៌ ។
ក្រុមហ៊ុន Apple បានប្រកាសកាលពីខែតុលាថាទូរស័ព្ទ iPhone 12 នឹងមិនមានភ្ជាប់មកជាមួយឆ្នាំងសាកឬកាសនៅក្នុងប្រអប់របស់ពួកគេទៀតឡើយដោយលើកឡើងពីកង្វល់អំពីបរិស្ថាន តាមរយៈការបញ្ចូលតែខ្សែ USB-C ទៅ Lightning ជាមួយ iPhone 12 និងម៉ូដែលថ្មីផ្សេងទៀត Apple បាននិយាយថាវានឹងអាចកាត់បន្ថយវត្ថុធាតុដើមសម្រាប់ iPhone នីមួយៗដែលខ្លួនបានលក់ បន្ថែមពីលើការកាត់បន្ថយទំហំប្រអប់របស់ទូរស័ព្ទ។ ក្រុមអ្នករិះគន់បានលើកឡើងថាការផ្លាស់ប្តូរនេះបានធ្វើអោយចំណេញបន្ថែមទៀតជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុន Apple កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូនហើយអ្នកជំនាញខាងបរិស្ថានបាននិយាយថាផលប៉ះពាល់លើបរិស្ថានទំនងជាមានតិចតួចបំផុត។
គេហទំព័រ Procon បាននិយាយថាខ្លួនបានស្នើទៅកាន់ Apple ថាតើក្រុមហ៊ុននឹងកាត់បន្ថយតម្លៃរបស់ទូរស័ព្ទ iPhone 12 ដោយសារតែមិនមានដាក់បញ្ចូលឆ្នាំងសាកដែររឺទេ? ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះឡើយ។ ទីភ្នាក់ងារនេះក៏បានចោទប្រកាន់ក្រុមហ៊ុនថាមិនបានជួយដោះស្រាយដល់អតិថិជនដែលមានបញ្ហាមុខងារមួយចំនួននៅលើទូរស័ព្ទ iPhone របស់ពួកគេបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរួច។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះបាននិយាយថាក្រុមហ៊ុន Apple ត្រូវតែគោរពច្បាប់និងស្ថាប័នទាំងនេះ ។
ការផាកពិន័យហាក់ដូចជាមិនបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន Apple ដែលមានប្រាក់ចំណូលយ៉ាងច្រើនដល់ 111,4 ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2021 នេះនោះទេ(ចំនួននេះរាប់បញ្ចូលទាំងការលក់ iPhone 12 គ្រប់ម៉ូដែលសម្រាប់ថ្ងៃឈប់សម្រាកឆ្នាំ ២០២០ ផងដែរ) ។